LATEST MOVIE :

WWW.MOVIEBOOK5000YEARS.COM

-

កំណាព្យ / ពឹងខ្លួនមាំមួនជាងពឹងអ្នកដទៃ / មានអ្វីមិនស្មើនឹងមានបញ្ញា


ពឹងខ្លួនមាំមួនជាងពឹងអ្នកដទៃ

ធ្វើអ្វីគ្រប់យ៉ាង       សូមកុំសំអាង         អ្នកនៅក្រៅខ្លួន

ត្រូវពឹងខ្លួនឯង       ឱ្យបានមាំមួន        ទើបអាចរួចខ្លួន

                        ពេលមានបញ្ហា ។

ពឹងអ្នកដទៃ          ឱ្យជួយលកលៃ       ដោះស្រាយកិច្ចការ

ដល់ពេលគ្មានគេ   ប្រាកដណាស់ណ     ធ្វើមុខដូចស្វា

                        ព្រោះគ្មានអ្នកពឹង ។

ដូច្នេះគ្រប់ប្រាណ   ចូរចាំឱ្យបាន           កំណត់ត្រូវដឹង

ពឹងអ្នកដទៃ          គ្មានទីលំនឹង           មានតែត្រូវប្រឹង

                        ពឹងខ្លួនទើបល្អ ។

                                            ដោយឧសិកា ទេពទ្រឹម ឈុំ
                      សម្តីជាអ្វី ?

សម្តីជាទ្រព្យប្រើរាប់មិនអស់          តែបើប្រើទាស់ នាំកើតហិង្សា

នាំឱ្យគុំកួន ជាប់ក្នុងចិន្តា              អាចហ៊ានប្រហារ ប្រាថ្នាធ្វើឃាត ។

បើប្រើត្រឹមត្រូវ ត្រង់តាមព្រះធម៌    នាំជួបផលល្អ បវរឥតឃ្លាត

សម្តីកើតយស រស់មានមិត្តញាតិ    សម្តីសរជាតិ មារយាទសរពូជ ។

សម្តីល្អជា ពូជធារល្អគាប់             សម្តីឥតភ័ព្វ បង់ទ្រព្យខាតខូច

សម្តីមានន័យល្បីឆ្ងាយរាប់យោជន៍  សម្តីឥតខូច ប្រយោជន៍គង់មាន ។

សម្តីគួរគាប់ ជាប់ព្រហ្មវិហារ          ព្រមដោយសទ្ធា បូជាសីលទាន

សម្តីជាធម៌ ល្អរកផ្ទឹមគ្មាន             ប្រាប់ផ្លូវនិព្វាន ធម្មយានបរិយាយ ។

                                           ដោយឧបាសក គុយ សុធន

                            កុំរកទោសគេ

សេពគប់នឹងល្បែងវិនាសតែងចាំ          ប្រព្រឹត្តចោរកម្មគុកចាំទទួល

ប្រព្រឹត្តមិនសម អារម្មណ៌មិនស្រួល      សតិប្រែប្រួល ដួលព្រោះស្រវឹង ។

គួរសាងកុសលតម្កល់ចិត្តកាយ            រស់ដោយសប្បាយរំសាយកំហឹង

កុំឱ្យស្តាយក្រោយដោយថាមិនដឹង       បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង ។

ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា               ព្រះធម៌ចែងថាជីវិតមិនទៀង

កុំអាងនៅក្មេងវង្វេងនឹងរាង               បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ ។

កំហុសខ្លួនឯងជាក់ស្តែងឥតស្តី           ទោសអ្នកដទៃរំពៃធំទ្វេ

ដំរីមួយស្លាប់បាំងនឹងចង្អេរ                ជិតដែរឬទេគួរពិចារណា ។

កំហុសតែងមានចំពោះអ្នកធ្វើ            អ្នកអង្គុយមើលកុំចេះតែថា

គួរមានមេត្រីដោយក្តីមេត្តា               ទៅតាមធម៌អាថ៌ដែលព្រះទូន្មាន ។
​ 
                                              ដោយឧបាសក គុយ សុធន​

                            អាក្រក់ព្រោះល្អ

ដើមឈើល្អស្រល់ព្រោះត្រួយនិងស្លឹក   ពេលផ្លែសន្ធឹកស្លឹកត្រូវជ្រុះអស់

ឈើដែលផ្លែច្រើនច្រើនបង់សម្រស់     គេបេះផ្លែអស់នៅសល់តែមែក ។

ដំរីមាឌធំសាច់ដុំទ្រលុក                   ស្លាប់ព្រោះតែភ្លុកនាំទុក្ខសង្វេគ

សត្វខ្លាអង់អាចកាចខ្លាំងអនេក           ស្លាប់ព្រោះតែស្បែកល្អឯងគួរគាប់ ។

អ្នកក្រភាគច្រើនស្លាប់ព្រោះអត់ឃា្លន    ចំណែកអ្នកមានខ្លះស្លាប់ព្រោះទ្រព្យ

បំណាច់នឹងក្រឱ្យល្អញាតិរាប់             បំណាច់មានទ្រព្យឱ្យជាប់សីលទាន ។

សម្បត្តិលោកីយ៍ប្រពៃគួរគាប់             ឯអរិយទ្រព្យរកអ្វីដូចគ្មាន

ជនណាបានហើយស្បើយទុក្ខស្រាកឃ្លាន គួរកុំបំពានដោយគ្មានមេត្តា ។

ទ្រព្យបានដោយធម៌លម្អជីវិត             ម្ចាស់មានគំនិតគិតដោយបញ្ញា

ធ្វើបុណ្យដាក់ទានមានសីលល្អថ្លា       គង់ដល់ប្រាថ្នាគឺព្រះនិព្វាន ។

                                               ដោយឧបាសក គុយ សុធន​
    
                       ចំណងមេបា

ជីវិតសត្វលោកកើតមកដោយកម្ម       រស់ច្រើនខែឆ្នាំចូរចាំទុកនៅ

អប់រំបុត្រភ្ងាកុំឱ្យល្ងង់ខ្លៅ                  សងគុណម៉ែឳនោះទើបប្រពៃ ។

ចំណងមេបារៀបការកូនចៅ              អញ្ជើញញាតិផៅឱ្យពរឱ្យជ័យ

ស៊ីការសប្បាយចាយប្រាក់ចងដៃ         ធ្វើការដប់ថ្ងៃចងដៃការមួយ ។

ពេលមង្គលការហ៊ឺហាសប្បាយ           ស៊ីផឹកក្អាកក្អាយកាយចិត្តឥតព្រួយ

គិតថាបានគ្នាគ្រាន់ជាជំនួយ              ភ្លេចគិតថែមមួយព្រួយស្មើខន្ធដប់ ។

កាយមួយខន្ធប្រាំរងកម្មអនេក            កាយពីរទឹកភ្នែកសង្វេគគ្រប់សព្វ

កាយច្រើនរោគច្រើនចម្រើនទុក្ខជាប់    រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវ ។

ព្រះធម៌នៅមានម្តេចមិនរៀនស្តាប់       ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវ

មានរូបមានទុក្ខមានខុសមានត្រូវ         គួរខំរៀនទៅកុំខុសច្រើនពេក ។


                                               ដោយឧបាសក គុយ សុធន
             គ្រោះសាសនា

ជាតិអ្នកនេសាទសង្វាតរកត្រី             ប្រហាររាល់ថ្ងៃឥតក្តីមេត្តា

ជាតិអ្នកប្រមាញ់ស្រឡាញ់ធ្នូស្នា          សម្លាប់បក្សាឥតញញើតដៃ ។

ជាតិជាអ្នកបួសរស់ក្នុងអារាម             ប៉ងវៀរចាកកាមតាមព្រះជិនស្រី

សង្វាតសូធ្យរៀនទាំងយប់ទាំងថ្ងៃ       តាមធម៌វិន័យព្រះពុទ្ធសាសនា ។

បព្វជិតទាំងឡាយខ្វល់ខ្វាយប្រតិបត្តិ    តាមធម៌បញ្ញត្តនៃព្រះសាស្តា

បរិស័ទទាំងឡាយសប្បាយបូជា          ដោយចិត្តសទ្ធាបូជាឥតស្តាយ ។

ព្រះសង្ឃសាវ័កជាក់ជាស្រែបុណ្យ       ជនសាបពូជមុនបានផលឯនាយ

ពុំព្រួយរីងរាំង ពុំខ្លាចជន់សាយ           រីករាយសប្បាយឥតស្តាយស្រណោះ ។

ប្រសិនបើវត្តអត់មានព្រះសង្ឃ           លោកមានតែស្បង់សង្ឃបាត់បង់អស់

ទាំងធម៌វិន័យបាត់បង់សម្រស់            នោះហៅថាគ្រោះអន្តរាយសាសនា ។

ហៃអស់នរៈជនទាំងឡាយអ្ហើយ         ចូរកុំកន្តើយខិតខំសិក្សា

ទាន់ធម៌នៅមានរៀនពិចារណា          ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី ។

                                               ដោយឧបាសក គុយ សុធន

              មានអ្វីមិនស្មើនឹងមានបញ្ញា

អ្នកមានកំហុសធ្វើអ្វីក៏ភ័យ                អ្នកមានវិន័យធ្វើអ្វីក៏សម

អ្នកមានសម្បត្តិជួបទុក្ខក្រៀមក្រំ         អ្នកល្អឧត្តមគឺមានបញ្ញា ។

ទោះមានឬក្រឥតអង្វរចិត្ត                សាងតែសុចរិតឥតចោលមេត្តា

គោរពស្រឡាញ់ជនគ្រប់អាត្មា            ជួយទុក្ខធុរៈគ្នាគ្រប់គ្រាអាសន្ន ។

បើឃើញគេល្អជួយអរដោយស្មោះ       ឃើញគេខុសទាស់ប្រាប់ឥតបំភាន់

ជួយជាយោបល់ដូចផ្តល់រង្វាន់            ឥតគិតគ្នេរគ្នាន់ទាន់ខុសនៅស្រាល។

សេពគប់នឹងធម៌ល្អបវរពិត                សេពគប់បណ្ឌិតពិតល្អគ្រប់កាល

សេពគប់ជនពាលៗតែងអុជអាល        រឿងតូចខុសស្រាលរាលដាលធំបាន ។

ប្រព្រឹត្តឥតយល់ផលអ្នកដទៃ             នឿយហត់រាល់ថ្ងៃអាស្រ័យចង់មាន

បុណ្យបាបឥតគិតប្រព្រឹត្តបំពាន          រឿងសីលបុណ្យទានឥតមានសទ្ធា ។

អ្នកមានបញ្ញាមេត្តាជានិច្ច                  ទោះទ្រព្យមានតិចក៏ចិត្តជ្រះថ្លា

ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា           សុខគ្រប់ប្រការរហូតនិព្វាន ។

                                                ដោយឧបាសក គុយ សុធន​
                       សុជីវធម៌

សុជជីវធម៌តែងលម្អមនុស្ស               គ្រប់ជនស្រីប្រុសដែលកាន់រក្សា

ទោះមានឬក្រធំតូចយ៉ាងណា            បានកាន់រក្សាថ្លៃថ្លាឧត្តម ។

អំពើឆ្គាំឆ្គងគន្លងមិនល្អ                    សុជីវធម៌ជាអ្នករៀបចំ

ដកចោលអំពើណាដែលពុំសម           រើសស្រង់សន្សំទុកអំពើល្អ ។

ចេះខ្មាសខ្លូនឯងក្រែងអ្នកដទែ           ចេះលកចេះលៃវិន័យឬធម៌

រស់សមជាមនុស្សខ្ពង់ខ្ពស់បវរ            បើមនុស្សឥតធម៌ស្មើនឹងតិរច្ឆាន ។

           សល់តែថ្ងៃចាស់

មិនទាន់បានធ្វើអ្វីល្អផង                   ម្ភៃឆ្នាំកន្លងផុតស្រឡះ

វ័យក្មេងអស់ទៅយ៉ាងរហ័ស              សល់តែថ្ងៃចាស់ថ្ងៃជរា ។

បណ្តាថ្ងៃចាស់ជរាខ្លួន                      ថ្ងៃមួយចំនួនមានរោគា

និងមានថ្ងៃមួយគ្រប់ៗគ្នា                  គឺពេលវេលាត្រូវមរណា ។

ឯម៉្យាងដែលគួរឱ្យស្លុតណាស់            គឺស្លាប់មុនចាស់មុនយាយតា

ដូច្នេះគួរតែខំសិក្សា                        អប់រំចិន្តាផ្លូវធម៌ផង ។

                                                ដោយឧបាសក គុយ សុធន
                      ព្រះធម៌ជាស្ពាន

លើភពផែនដីមានព្រៃមានភ្នំ            ទន្លេតូចធំប្រជុំឃុំស្រុក

មនុស្សមានផ្ទះនៅសត្វមានសម្បុក     ស្វែងរកក្តីសុខគ្រប់ៗអាត្មា ។

បានកើតជាមនុស្សកុំភ្លេចសីលទាន    ព្រះធម៌ជាស្ពានឈានឆ្លាងអន្ធការ

បើលោភៈក្រាស់ខ្វះលុះមរណា         បើគ្មានមេត្តាក្តៅផ្សាលុះក្ស័យ ។

បើកើតជាសត្វមានអ្វីធ្វើទាន             រងទុក្ខស្រេកឃ្លានទាំងយប់ទាំងថ្ងៃ

បានកើតជាមនុស្សជាលាភធំក្រៃ        ត្រូវភ្ជាប់និស្ស័យនឹងព្រះសាសនា ។

បើខ្វះសទ្ធាកំព្រាបុណ្យជាក់               បើខ្វះវីរិយៈកំព្រាកិច្ចការ

បើខ្វះខន្តីកំព្រាមេត្តា                        បើខ្វះបញ្ញាកំព្រាមគ្គផល ។

  
                                                ដោយឧបាសក គុយ សុធន
        សទ្ធាជូនជំនូនកម្ម

សទ្ធាជាទ្រព្យល្អលើសអ្វីៗ          នាំជនប្រុសស្រីឱ្យប្រព្រឹត្តល្អ

បើមានតែទ្រព្យសទ្ធាទ័លក្រ       មាសប្រាក់ទាក់ក រកចាយពុំបាន ។

រដូវភ្ជុំបិណ្ឌតែងតែទៅវត្ត           ទោះជាក្រខ្សត់ក៏ឥតហ៊ានខាន

ទោះបាយមួយវែកសម្លមួយចាន  ទៅវត្តខាតដ្បិតខ្លាចញាតិជេរ ។

ឧទ្ទិសឱ្យប្រេតប្រុងខ្លួនផងទៅ    កុំឱ្យធ្លាក់ផ្លូវទៅប្រេតដូចគេ

ស្លាប់ទៅជាប្រេតពុំអាចដឹងទេ    តែខ្លាចជាងគេគឺប្រេតទាំងរស់ ។

កម្មធ្វើចំណារចារជារជាជំនួន     សម្រាប់ទុកជូនសត្វលោកទាំងអស់

សាងល្អបានល្អជួបសប្បុរស      ពុតពាលឥតស្មោះជួបទុក្ខគ្រាំគ្រា ។

បើជួបបណ្ឌិតពិតបានស្តាប់ធម៌   ប្រុងស្តាប់ដោយល្អនាំកើតសទ្ធា

ជឿហេតុនៃផលបានដល់បញ្ញា   ជីវិតថ្លៃថ្លាឥតអាប់រស្មី ។

                                       ដោយឧបាសក គុយ សុធន​
Share this article :
 
SUPPORT : ទាញយក BLOGER | រៀនថេមផ្លេត | ទាញយកល្អៗ | ទាញយកល្អៗTEMPLATES | NAME | ទាញថេមផ្លេតតាមពេញចិត្ត
COPYRIGHT © 2011. MOVIEBOOKKK.COM--01/19/2015=You Have All Rights Reserved)
Created by Published by name
Created by Published by name