LATEST MOVIE :

WWW.MOVIEBOOK5000YEARS.COM

-

កំណាព្យ / ទឹកហូរគ្នានត្រឡប់ / រឿងពិតរបស់ជីវិត


កូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឱ្យខ្លាំងក្លារជាទីបំផុតព្រោះ

កូនមិនងាយបានជួបនូវឱកាសល្អដូចនេះឡើយ ។

កូនដាំដំណាំបម្រុងឫស តែបើដាំមនុស្សបម្រុងសីលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិល ខូចខិល

ដឹងខុសត្រូវកែរខ្លួន ។

កូនជាមនុស្សត្រូវដឹងថាក្នុងលោកនេះរមែងមានរឿងដែលសម្រាប់ឱ្យយើងមានសេចក្តី

អត់ធន់  កាលបើកូនអត់ធន់បាន  កូននឹងសម្រេចផលល្អប្រៀបដូចថ្នាំគ្រុន នៅពេលញុំា

រមែងល្វីង  ប៉ុន្តែផលរបស់វាគឺត្រជាក់ខ្លួនបាត់គ្រុន។

        ទឹកហូរគ្នានត្រឡប់

ពពករសាត់បាត់ឆ្ងាយទៅ​         សង្ខារមិននៅទៅតាមថ្ងៃ

ទឹកធ្លាក់ចាកភ្នំពុំអាល័យ          ជីវិតសែនថ្លៃចាកជីវី ។

ទឹកហូរធ្លាក់ពិតត្រឡប់​             ទោះធ្លាប់ដក់ទើរលើគីរី

យសខ្ពស់ញាតរស់ជុំមូលត្រី​      ចាកទីចុះទាសវិនាសព្រាត់​។

ព្រៃធំមានម្រឹគទឹកមានត្រី​         វេហាស៍បក្សីហិចហើរស្ទាត់

លោកធម៌ប្រាំបីអ្វីទៀងទាត់​       ត្រៃលក្ខណ៍ប្រាកដជ្រែកសង្ខារ ។

                   ឆ្កែកើតរមាស់អង្គែស៊ី

ឆ្កែកើតអង្គែគ្មានទេរោម               រមាស់ស្គាំងស្គមព្រមត្រជាក់

លំបាកខ្លួនខ្លាំងតាំងញ័រញាក់        រត់បោលទទ្រាក់ធ្លាក់ដល់ភ័យ ។

ទៅកាន់ទីណាក៏ស្មាញស្មុគ​          ទីនោះមិនសុខស្រុកឬព្រៃ

ទោះដេកទោះដើរដំណើរក្ស័យ     ឧបសគ្គចង្រៃអាស្រ័យខ្លួន ។

ដូចមនុស្សក្នុងលោករោគក្នុងចិត្ត   ក្តៅផ្សាពេកពិតត្បិតគុំកួន

រក្សាពិសក្តៅនៅក្នុងខ្លួន              ប្រកាន់មាំមួនខ្លួនឥតសុខ ។

ហេតុកើតត្រង់ណាផលត្រង់ហ្នឹង    បើបានជាដឹងប្រឹងសម្រុក

កម្ចាត់ពិសក្តៅទើបនៅសុខ          ទោះស្រុកឬព្រៃគ្មានអ្វីទាស់ ។

         មនុស្សដែលគេទុបចិត្ត

ញញឹមរកគ្នា         តាំងចិត្តសន្ទានា          វាចាពីរោះ

ពេលគេមានទុក្ខ    ត្រូវជួយសង្រ្គោះ          បានអ្វីដាក់ពោះ        កុំរស់តែឯង ។

ត្រូវចេះលះបង់      ទាំងចេះស្មោះត្រង់     ចិត្តចង់ចេះក្រែង

ទេសនាពីរោះ       សង្គ្រោះក្រៃលែង​      មែនអួតខ្លួនឯង          មិនហែងទឹកចិត្ត​។

ទឹកចិត្តទឹកមាស    បេះដូងមានព្រះ        មន្តស្មេហ៍ស័ក្តិសិទ្ធិ

ញាតិច្រើនកន្លង    អ្នកផងទុកចិត្ត          លុះចាកចេញពិត       ញាតិមិត្តអាល័យ ។

ចេះប្រើខ្លួនឯង      ព្រមទាំងចេះក្រែង     អ្នកផងអាស្រ័យ

ប្រឹងជួយការងារ    ពេញជើងពេញដៃ      ញាតិមិត្តអាល័យ      ពេលក្ស័យជីវ៉ា។

ចេះអានខ្លួនឯង​     ព្រះធម៌សម្តែង​          ឱ្យចេះសិក្សា

ដឹងតួនាទី            មិនចោលកិច្ចាការ       ចេះស្គាល់អាត្មា       មនុស្សម្នាចូលចិត្ត ។

ចេះតឿនខ្លួនឯង    ទាំងចេះប្រឹងប្រែង      អ្នកផងអាណិត

កុំចាំគេប្រើ           ការងារល្អពិត             វីរិយៈសណ្ឌិត        ញាតិមិត្តត្រូវការ ។

                    ចិត្តយើងចិត្តគេ

ចិត្តយើងចិត្តគេ     កូនត្រូវរិះរេ              គ្នាន់គ្នារឱ្យច្បាស់

កុំតាមចិត្តពាល     តាមព្រះតម្រាស់        ព្រះធម៌ល្អណាស់       កូនត្រូវបដិបត្តិ ។

ចិត្តគេចិត្តយើង     បើមានះឡើង           កូនត្រូវកម្ចាត់

បើចង់សុខចិត្ត       កូនត្រូវហ្វឹកហាត់      រស់ដោយប្រយ័ត្ន       ទើបផុតអន្តរាយ ។

ខ្លួនជាឧបមា         ចម្រើនមេត្តា            ទោសារំសាយ

ឱ្យសុខខ្លួនឯង       និងសត្វទាំងឡាយ     សុខនៅមិនឆ្ងាយ      រកឃើញក្នុងចិត្ត។

             មនុស្សថ្លៃជាងប្រាក់

សុរិចថ្លៃជាងពេជ្រ                  កុំបំភ្លេចចោលខ្លួនប្រាណ

មនុស្សថ្លៃពន់ប្រមាណ             កុំចោលប្រាណដូរយកប្រាក់ ។

ចោលប្រាណស្មើលក់ខ្លួន         ឳពោលផ្ទូនឱ្យប្រចក្ស

មនុស្សយើងថ្លៃជាងប្រាក់         ត្រូវទុកដាក់ខ្លួនឱ្យល្អ ។

             ផ្លូវនៃសេចក្តីសុខ

សុខណាស់ស្ងប់ណាស់   ពេលបានយល់ច្បាស់      ពីរឿងជីវិត

ដឹងថាក្នុងលោក            មានសុខទុក្ខពិត            តែមិនបានគិត     ជារឿងខ្លួនឯង ។

អប់រំឱ្យដល់                  ទើបចិត្តលែងខ្វល់          ប្រកាន់ហូងហែង

ប្រគល់រឿងរ៉ាវ              លើហេតុចាត់ចែង         បច្ច័យតាក់តែង    នឹងបានសុខស្ងប់ ។

សុខនេះប្រណីត            ឧត្តមពេកពិត               ជាងទ្រព្យកំណប់

អ្វីក៏ប្រសើរ                   មិនស្មើសុខស្ងប់            ដល់ទីបញ្ចប់       និព្វានរង់ចាំ ។
                                                               ដោយឧបាសិកា ឱម លក្ខណៈ
                       ជម្នះដ៏ប្រសើរ

កុកភ្លេចជង់ម្តេចប្រុងប្រយ័ត្ន              ត្រីត្រូវគេកាត់ដាក់ឆ្នាំងស្ល

ព្រោះតែឃើញនុយស្ទុះមកស្រ           ដូចចិត្តត្រេកអរនិងលាភា ។

ដែកត្រូវភ្លើងដុតលត់ទៅរឹង               ចិត្តខូចរបឹងឥតគណនា

ទោះត្រូវរងទុក្ខសោកច្រើនគ្រា           ពុំងាយនឹងភ្ងារដឹងខ្លួនបាន ។

ស្រឡាញ់ស្អប់ខឹងហ្នឹងរោគចិត្ត            តាមជាប់យ៉ាងស្អិតពិតរំខាន

បង្កទុក្ខសោករោគសាមាន្យ                អំពល់ឥតស្រាន្តគ្មានយប់ថ្ងៃ ។

បង្រ្កាបដំរិក្របីសេះ                         បើទាល់ចំចំណេះនឹងប្រល័យ

បង្ក្រាបគំនិតចិត្តអប្រិយ                    បើភ្លាត់ចាញដៃពិតក្យ័យខ្លួន ។

សតិអើយក្រោកកុំនៅស្ងៀម               ធ្វើក្តីព្យយាមឱ្យមាំមួន

ចោលអ្វីចោលចុះកុំចោលខ្លួន              រក្សាថែថូនដោយប្រឹងប្រែង ។

វិស័យនៃចិត្តដិតអារម្មណ៍                   ព្រោះបានសន្សំជាអង្វែង

ជនបានឈ្នះពិតឥតចំបែង                  ជាជនគួរស្មែងក្នុងលោកា ។

                                                   ដោយឧបាសិកា ឱម លក្ខណៈ
                  រឿងពិតរបស់ជីវិត

ជូនបាបលាមក      ចោលក្លិនអាក្រក់       អសោចអស្ចារ្យ

ជូនមានកុសល     ក្រអូបជាងផ្កា            គួរពិចារណា              បញ្ហាជីវិត ។

មនុស្សលោកម្នោម្នេញ   កន្ទក់កន្ទេញ       កតៅក្រហាយចិត្ត

មកពីមិនយល់       ថានេះរឿងពិត           របស់ជីវិត             វាយ៉ាងហ្នឹងឯង ។

មិនតែប៉ុណ្ណោះ      ថែមទាំងគិតខុស         ប្រកាន់ហូងហែង

ថាជីវិតនេះ          ជាតូខ្លួនឯង                ទើបទុក្ខប្រឡែង     គ្មានពេលរលត់ ។

មនុស្សលោកល្ងង់ណាស់  ស្លាប់ទៅទាងខ្វះ   ទាំងការតក់ស្លុត

សប្យាសមិនឆ្អែត   គ្មានទីបំផុត                 ទោះដល់ថ្ងៃដុត      ក៏នៅប្រាថ្នា ។

មនុស្សលោកល្ងង់ពិត   បៀបដូចសុខចិត្ត      ឱ្យសាច់គេអារ

ក្លាយជារបូស           ដំបៅឈឺផ្សា              ទើបខំរក្សា         បិទលាងមេរោគ ។

អ្នកប្រាជ្ញនឹងន       ឃើញសង្ខារធម៌            កើតមកក្នុងលោក

មិនបានរីករាយ     ត្រេកអរចាប់យក          ទាំងមិនសោយសោក   ពេលធម៌បាត់បង់ ។
    
                                                     ដោយឧបាសិកា ឱម លក្ខណៈ
         ទស្សនៈអប់រំអំពីស្នេហា

១. ១០សែនសុគន្ធមន្តមាល័យ                 ប្រៀបស្មើរសនៃស្នេហ៍មិនបាន

រសស្នេហ៍កើតម្តងជាតិជាប់ប្រាណ             សែនសុខសាន្តពេលមានសេ្នហ៍ ។

សេចក្តីស្នេហ៍ជាធាតុម៉្យាងដែលប្រៀប         ដូចជាទឹកអំបិលកាន់តែផឹកកាន់តែស្រេក

កាន់តែភ្លក្សកាន់តែជាប់ចិត្តហើយសំគាល់     ថាជារសដ៏ផ្អែមឆ្ងាញ់ ចាញ់បោកវាហើយ

នៅឡើយសរសើរវាទៀត ....។

២. ឱថ្ងៃណាមិនបានជួបវង់ភ័ក្រ្ត                ក្តីទុក្ខកើតជាក់ក្នុងចិន្តា

ក្រៀមក្រមចុកណែនពេញឱរ៉ា                 ឈឺផ្សាក្តុកក្តួលស្ទើរក្សិណក្ស័យ ។

សេចក្តីស្នេហ៍គឺជាជំងឺអាសន្នរោគ              កើតឡើងហើយបំផ្លាញដួងចិត្តឱ្យ​

ខ្ទេចខ្ទំ វីវក់គ្មានពេលរសាយ ។                 កាន់តែស្រឡាញ់ កាន់តែឈឺចាប់

កាន់តែស្មោះត្រង់ កាន់តែទុក្ខកង្វល់           នេះហើយដែលហៅថាជម្ងឺស្នេហា ។

៣. រាត្រីច្រើនដោយដួងតារា      ​             ពន្លឺព្រាល៍ៗមិនសាយសុះ

ព្រះច័ន្ទដួងមួយភ្លឺឥតខ្ទោះ​​                      នេះស្មោះថាដួងមានតែមួយ           

ឯស្នេហ៍មានច្រើនជាអនេក                     ទុក្ខធ្ងន់ពន់ពេកកើតខ្វល់ព្រួយ                

បើស្នេហ៍ស័្មគ្រស្មោះមួយនិងមួយ              ម្លេះសមសុខស្រួលគ្មានមួហ្មង ។

សេចក្តីស្នេហាដ៏ស្មោះត្រង់ វា                   អាចនាំមកនូវភាពសុខសាន្តបាន              

តែបើគ្មានស្នេហាស្មោះត្រង់ ទេ                 នោះ មួយហើយមួយទៀតគ្មាន                

ស្រាកស្រាន្ត ទីបំផុតលទ្ធផល                   គឺបញ្ហាគ្រប់ដង្ហើមចេញចូល ។

៤. ពេលថ្ងៃត្រង់សូរិយាសែនប្រត្យ័ក            មិនឃើញមុខវរលក្ខណ៍ទុកពេកក្រៃ

ពេលរាត្រីដួងព្រះច័ន្ទពេញរស្មី​                   មិនបានឆោមថ្លៃនែបនិត្យចិត្តកង្វល់ ។

ទាំងយប់ទាំងថ្ងៃគ្រប់ពេល គ្រប់ដង្ហើម          ចេញចូល ដួងចិត្ត តែងតែរំជើបរំជួល​

ជ្រួលជ្រើមក្នុងកាមារម្មណ៍ផ្សេងៗព្រោះ        តែដួងចិត្តលួចប្រាថ្នា ក្នុងបុប្ផាមួយទង

ហើយប្រាថ្នាចង់ឃើញ ចង់នេបនិត្យតែ         គ្រប់យ៉ាងមិនដូចប្រាថ្នា នេះជារឿងដែល

គួរគិតគួរពិចារណា ។

៥. ក្នុងដួងចិត្តសែនក្តុកក្តាក់ក្តួលណែនក្តឹះ    ដូចភ្លើងពិសឆេះឱរ៉ាផ្សាពេកក្រៃ

មិនឃើញមុខគូសង្សារតែមួយថ្ងៃ               ស្ទើរក្សិណក្ស័យដោយអគ្គីនៃរាគៈ ។

ឃើញទេខ្ញុំថាហើយថាទៀតតែក្តីស្នេហាកើតឡើងហើយ  សូម្បីពុំបានយល់វង់ភ័ក្ត្រតែ

បន្តិចក៏មានបញ្ហាដេរ ។

រាគៈតណ្ហា ពិតជាធ្វើឱ្យមនុស្សអាចស្លាប់បានណា  ប្រយ័ត្នផង ។

៦. ស្នេហ៍សែនត្រជាក់ដូចទឹកអម្រិត       បានផឹកចូលពិតផុតពិសអន្តរាយ

បំបាត់រោគសោកភ័យផងទាំងឡាយ       ឱ្យកាយសុខស្រួលក្នុងកាមភព ។

មិនគួរចាញ់បោកសោះ                       នេះគឺជាទស្សនៈអ្នក  

មានស្នេហាតែប៉ុណ្ណោះ                       តាមពិតអ្នកគ្មាន             ស្នេហាទៅវិញទេ 

ទើបឈោ្មះថាសុខស្រួល                     ពិតប្រាកដ ចូរចាំទុកផង ។

ស្នេហ៍បាំងវិជ្ជា         ស្នេហ៍បាំងមរណា     ស្នេហ៍បាំងគុណធម៌

ស្នេហ៍បាំងពុកម៉ែ     ស្នេហ៍បាំងមិត្តល្អ       ស្នេហ៍បាំងភាពក្រ      ស្នេហ៍បាំងភាពមាន។

ស្នេហ៍នាំចូលជ្រោះ  ស្នេហ៍នាំធ្លោយថ្លោះ    ស្នេហ៍នាំឡើងជ្រុញ

ស្នេហ៍នាំទៅច្រេះ    ស្នេហ៍នាំកើតធុញ       ស្នេហ៍នាំទោម្នេញ     ស្នេហ៍នាំល្ងង់ល្ងិត។

ស្នេហ៍គឺជារោគ      ស្នេហ៍គឺបង់ជោគ        ស្នេហ៍គឺបន្លា

ស្នេហ៍គឺភ័យព្រួយ   ស្នេហ៍គឺមរណា          ស្នេហ៍គឺអន្ធការ          ស្នេហ៍គឺពិសពុល ។

ស្នេហ៍កើតពីកាម    ស្នេហ៍កើតពីនាម        ស្នេហ៍កើតពីរូប

ស្នេហ៍កើតពីរាគ    ស្នេហ៍កើតពីលោភ      ស្នេហ៍កើតពីលោក      ស្នេហ៍កើតពីចិត្ត ។

 ថ្ងៃណាកើតទុក្ខរអុកចិត្ត            កើតក្តីវិបរិតក្នុងចិន្តា

សូមកូនវិលវិញរកមាតា             គេហាបើកទ្វារចាំជានិច្ច ។

ម៉ែចាំទទួលកូនពិសី                 ដោយក្តីសោមនស្សអស់ពីចិត្ត

ចាំជួយសន្តោសប្រោសឆោមស្និទ្ធ ព្យាបាលដួងចិត្តដែលដំបៅ ។

ម៉ែចាំផ្លូវកូនរាល់យប់ថ្ងៃ           កូនដឹងទេអ៊ីណាឆោមឆ្លៅ

ម៉ែពុំដែលខឹងនឹងកូនពៅ          ទោះកូនអាស្រូវនៅអភ័យ ។

ក្តីស្រឡាញ់អ្វីក្នុងលោកា          ពុំស្មើក្តីស្រឡាញ់មាតាថ្លៃ

មាតាស្រឡាញ់កូនប្រុសស្រី      ស៊ូក្សិណក្ស័យគ្មានរអា ។

ពេលខ្លះត្រូវលះបង់ការងារ        ស៊ូទ្រាំគ្រាំគ្រាក្នុងចិន្តា

ទន្ទឹងរង់ចាំបុត្រមាតា               យាត្រាត្រឡប់មករកម៉ែ ។

មកឋិតនៅកៀកប្រអប់ទ្រូង       ឋិតក្នុងរង្វង់ហត្ថទាំងទ្វេរ


ម៉ែនឹងថ្នាក់ថ្នមបមបីថែ             ឱ្យកូនមាសស្នេហ៍បានសុខហោង ។

Share this article :
 
SUPPORT : ទាញយក BLOGER | រៀនថេមផ្លេត | ទាញយកល្អៗ | ទាញយកល្អៗTEMPLATES | NAME | ទាញថេមផ្លេតតាមពេញចិត្ត
COPYRIGHT © 2011. MOVIEBOOKKK.COM--01/19/2015=You Have All Rights Reserved)
Created by Published by name
Created by Published by name