ពឹងខ្លួនមាំមួនជាងពឹងអ្នកដទៃ
ធ្វើអ្វីគ្រប់យ៉ាង សូមកុំសំអាង អ្នកនៅក្រៅខ្លួន
ត្រូវពឹងខ្លួនឯង ឱ្យបានមាំមួន ទើបអាចរួចខ្លួន
ពេលមានបញ្ហា
។
ពឹងអ្នកដទៃ ឱ្យជួយលកលៃ ដោះស្រាយកិច្ចការ
ដល់ពេលគ្មានគេ ប្រាកដណាស់ណ ធ្វើមុខដូចស្វា
ព្រោះគ្មានអ្នកពឹង
។
ដូច្នេះគ្រប់ប្រាណ
ចូរចាំឱ្យបាន កំណត់ត្រូវដឹង
ពឹងអ្នកដទៃ គ្មានទីលំនឹង មានតែត្រូវប្រឹង
ពឹងខ្លួនទើបល្អ
។
ដោយឧសិកា ទេពទ្រឹម ឈុំ
សម្តីជាអ្វី ?
សម្តីជាទ្រព្យប្រើរាប់មិនអស់
តែបើប្រើទាស់ នាំកើតហិង្សា
នាំឱ្យគុំកួន
ជាប់ក្នុងចិន្តា អាចហ៊ានប្រហារ
ប្រាថ្នាធ្វើឃាត ។
បើប្រើត្រឹមត្រូវ
ត្រង់តាមព្រះធម៌ នាំជួបផលល្អ បវរឥតឃ្លាត
សម្តីកើតយស
រស់មានមិត្តញាតិ សម្តីសរជាតិ មារយាទសរពូជ ។
សម្តីល្អជា
ពូជធារល្អគាប់ សម្តីឥតភ័ព្វ
បង់ទ្រព្យខាតខូច
សម្តីមានន័យល្បីឆ្ងាយរាប់យោជន៍ សម្តីឥតខូច ប្រយោជន៍គង់មាន ។
សម្តីគួរគាប់
ជាប់ព្រហ្មវិហារ ព្រមដោយសទ្ធា
បូជាសីលទាន
សម្តីជាធម៌
ល្អរកផ្ទឹមគ្មាន ប្រាប់ផ្លូវនិព្វាន
ធម្មយានបរិយាយ ។
ដោយឧបាសក គុយ សុធន
កុំរកទោសគេ
សេពគប់នឹងល្បែងវិនាសតែងចាំ
ប្រព្រឹត្តចោរកម្មគុកចាំទទួល
ប្រព្រឹត្តមិនសម
អារម្មណ៌មិនស្រួល សតិប្រែប្រួល
ដួលព្រោះស្រវឹង ។
គួរសាងកុសលតម្កល់ចិត្តកាយ
រស់ដោយសប្បាយរំសាយកំហឹង
កុំឱ្យស្តាយក្រោយដោយថាមិនដឹង
បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង ។
ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា
ព្រះធម៌ចែងថាជីវិតមិនទៀង
កុំអាងនៅក្មេងវង្វេងនឹងរាង
បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ ។
កំហុសខ្លួនឯងជាក់ស្តែងឥតស្តី
ទោសអ្នកដទៃរំពៃធំទ្វេ
ដំរីមួយស្លាប់បាំងនឹងចង្អេរ
ជិតដែរឬទេគួរពិចារណា
។
កំហុសតែងមានចំពោះអ្នកធ្វើ
អ្នកអង្គុយមើលកុំចេះតែថា
គួរមានមេត្រីដោយក្តីមេត្តា
ទៅតាមធម៌អាថ៌ដែលព្រះទូន្មាន
។
ដោយឧបាសក គុយ សុធន
អាក្រក់ព្រោះល្អ
ដើមឈើល្អស្រល់ព្រោះត្រួយនិងស្លឹក ពេលផ្លែសន្ធឹកស្លឹកត្រូវជ្រុះអស់
ឈើដែលផ្លែច្រើនច្រើនបង់សម្រស់
គេបេះផ្លែអស់នៅសល់តែមែក ។
ដំរីមាឌធំសាច់ដុំទ្រលុក ស្លាប់ព្រោះតែភ្លុកនាំទុក្ខសង្វេគ
សត្វខ្លាអង់អាចកាចខ្លាំងអនេក
ស្លាប់ព្រោះតែស្បែកល្អឯងគួរគាប់ ។
អ្នកក្រភាគច្រើនស្លាប់ព្រោះអត់ឃា្លន ចំណែកអ្នកមានខ្លះស្លាប់ព្រោះទ្រព្យ
បំណាច់នឹងក្រឱ្យល្អញាតិរាប់
បំណាច់មានទ្រព្យឱ្យជាប់សីលទាន ។
សម្បត្តិលោកីយ៍ប្រពៃគួរគាប់
ឯអរិយទ្រព្យរកអ្វីដូចគ្មាន
ជនណាបានហើយស្បើយទុក្ខស្រាកឃ្លាន
គួរកុំបំពានដោយគ្មានមេត្តា ។
ទ្រព្យបានដោយធម៌លម្អជីវិត
ម្ចាស់មានគំនិតគិតដោយបញ្ញា
ធ្វើបុណ្យដាក់ទានមានសីលល្អថ្លា
គង់ដល់ប្រាថ្នាគឺព្រះនិព្វាន ។
ដោយឧបាសក
គុយ សុធន
ចំណងមេបា
ជីវិតសត្វលោកកើតមកដោយកម្ម
រស់ច្រើនខែឆ្នាំចូរចាំទុកនៅ
អប់រំបុត្រភ្ងាកុំឱ្យល្ងង់ខ្លៅ
សងគុណម៉ែឳនោះទើបប្រពៃ ។
ចំណងមេបារៀបការកូនចៅ អញ្ជើញញាតិផៅឱ្យពរឱ្យជ័យ
ស៊ីការសប្បាយចាយប្រាក់ចងដៃ
ធ្វើការដប់ថ្ងៃចងដៃការមួយ ។
ពេលមង្គលការហ៊ឺហាសប្បាយ ស៊ីផឹកក្អាកក្អាយកាយចិត្តឥតព្រួយ
គិតថាបានគ្នាគ្រាន់ជាជំនួយ
ភ្លេចគិតថែមមួយព្រួយស្មើខន្ធដប់
។
កាយមួយខន្ធប្រាំរងកម្មអនេក
កាយពីរទឹកភ្នែកសង្វេគគ្រប់សព្វ
កាយច្រើនរោគច្រើនចម្រើនទុក្ខជាប់
រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវ ។
ព្រះធម៌នៅមានម្តេចមិនរៀនស្តាប់
ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវ
មានរូបមានទុក្ខមានខុសមានត្រូវ
គួរខំរៀនទៅកុំខុសច្រើនពេក ។
ដោយឧបាសក
គុយ សុធន
គ្រោះសាសនា
ជាតិអ្នកនេសាទសង្វាតរកត្រី
ប្រហាររាល់ថ្ងៃឥតក្តីមេត្តា
ជាតិអ្នកប្រមាញ់ស្រឡាញ់ធ្នូស្នា សម្លាប់បក្សាឥតញញើតដៃ ។
ជាតិជាអ្នកបួសរស់ក្នុងអារាម
ប៉ងវៀរចាកកាមតាមព្រះជិនស្រី
សង្វាតសូធ្យរៀនទាំងយប់ទាំងថ្ងៃ
តាមធម៌វិន័យព្រះពុទ្ធសាសនា ។
បព្វជិតទាំងឡាយខ្វល់ខ្វាយប្រតិបត្តិ
តាមធម៌បញ្ញត្តនៃព្រះសាស្តា
បរិស័ទទាំងឡាយសប្បាយបូជា
ដោយចិត្តសទ្ធាបូជាឥតស្តាយ
។
ព្រះសង្ឃសាវ័កជាក់ជាស្រែបុណ្យ
ជនសាបពូជមុនបានផលឯនាយ
ពុំព្រួយរីងរាំង ពុំខ្លាចជន់សាយ
រីករាយសប្បាយឥតស្តាយស្រណោះ ។
ប្រសិនបើវត្តអត់មានព្រះសង្ឃ
លោកមានតែស្បង់សង្ឃបាត់បង់អស់
ទាំងធម៌វិន័យបាត់បង់សម្រស់ នោះហៅថាគ្រោះអន្តរាយសាសនា ។
ហៃអស់នរៈជនទាំងឡាយអ្ហើយ ចូរកុំកន្តើយខិតខំសិក្សា
ទាន់ធម៌នៅមានរៀនពិចារណា ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី ។
ដោយឧបាសក
គុយ សុធន
មានអ្វីមិនស្មើនឹងមានបញ្ញា
អ្នកមានកំហុសធ្វើអ្វីក៏ភ័យ
អ្នកមានវិន័យធ្វើអ្វីក៏សម
អ្នកមានសម្បត្តិជួបទុក្ខក្រៀមក្រំ អ្នកល្អឧត្តមគឺមានបញ្ញា ។
ទោះមានឬក្រឥតអង្វរចិត្ត សាងតែសុចរិតឥតចោលមេត្តា
គោរពស្រឡាញ់ជនគ្រប់អាត្មា
ជួយទុក្ខធុរៈគ្នាគ្រប់គ្រាអាសន្ន
។
បើឃើញគេល្អជួយអរដោយស្មោះ
ឃើញគេខុសទាស់ប្រាប់ឥតបំភាន់
ជួយជាយោបល់ដូចផ្តល់រង្វាន់
ឥតគិតគ្នេរគ្នាន់ទាន់ខុសនៅស្រាល។
សេពគប់នឹងធម៌ល្អបវរពិត សេពគប់បណ្ឌិតពិតល្អគ្រប់កាល
សេពគប់ជនពាលៗតែងអុជអាល រឿងតូចខុសស្រាលរាលដាលធំបាន ។
ប្រព្រឹត្តឥតយល់ផលអ្នកដទៃ
នឿយហត់រាល់ថ្ងៃអាស្រ័យចង់មាន
បុណ្យបាបឥតគិតប្រព្រឹត្តបំពាន
រឿងសីលបុណ្យទានឥតមានសទ្ធា ។
អ្នកមានបញ្ញាមេត្តាជានិច្ច ទោះទ្រព្យមានតិចក៏ចិត្តជ្រះថ្លា
ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា
សុខគ្រប់ប្រការរហូតនិព្វាន ។
ដោយឧបាសក
គុយ សុធន
សុជីវធម៌
សុជជីវធម៌តែងលម្អមនុស្ស គ្រប់ជនស្រីប្រុសដែលកាន់រក្សា
ទោះមានឬក្រធំតូចយ៉ាងណា បានកាន់រក្សាថ្លៃថ្លាឧត្តម ។
អំពើឆ្គាំឆ្គងគន្លងមិនល្អ
សុជីវធម៌ជាអ្នករៀបចំ
ដកចោលអំពើណាដែលពុំសម រើសស្រង់សន្សំទុកអំពើល្អ ។
ចេះខ្មាសខ្លូនឯងក្រែងអ្នកដទែ
ចេះលកចេះលៃវិន័យឬធម៌
រស់សមជាមនុស្សខ្ពង់ខ្ពស់បវរ
បើមនុស្សឥតធម៌ស្មើនឹងតិរច្ឆាន ។
សល់តែថ្ងៃចាស់
មិនទាន់បានធ្វើអ្វីល្អផង
ម្ភៃឆ្នាំកន្លងផុតស្រឡះ
វ័យក្មេងអស់ទៅយ៉ាងរហ័ស សល់តែថ្ងៃចាស់ថ្ងៃជរា ។
បណ្តាថ្ងៃចាស់ជរាខ្លួន ថ្ងៃមួយចំនួនមានរោគា
និងមានថ្ងៃមួយគ្រប់ៗគ្នា
គឺពេលវេលាត្រូវមរណា ។
ឯម៉្យាងដែលគួរឱ្យស្លុតណាស់
គឺស្លាប់មុនចាស់មុនយាយតា
ដូច្នេះគួរតែខំសិក្សា អប់រំចិន្តាផ្លូវធម៌ផង
។
ដោយឧបាសក
គុយ សុធន
ព្រះធម៌ជាស្ពាន
លើភពផែនដីមានព្រៃមានភ្នំ
ទន្លេតូចធំប្រជុំឃុំស្រុក
មនុស្សមានផ្ទះនៅសត្វមានសម្បុក
ស្វែងរកក្តីសុខគ្រប់ៗអាត្មា ។
បានកើតជាមនុស្សកុំភ្លេចសីលទាន
ព្រះធម៌ជាស្ពានឈានឆ្លាងអន្ធការ
បើលោភៈក្រាស់ខ្វះលុះមរណា
បើគ្មានមេត្តាក្តៅផ្សាលុះក្ស័យ ។
បើកើតជាសត្វមានអ្វីធ្វើទាន
រងទុក្ខស្រេកឃ្លានទាំងយប់ទាំងថ្ងៃ
បានកើតជាមនុស្សជាលាភធំក្រៃ
ត្រូវភ្ជាប់និស្ស័យនឹងព្រះសាសនា
។
បើខ្វះសទ្ធាកំព្រាបុណ្យជាក់
បើខ្វះវីរិយៈកំព្រាកិច្ចការ
បើខ្វះខន្តីកំព្រាមេត្តា
បើខ្វះបញ្ញាកំព្រាមគ្គផល
។
ដោយឧបាសក
គុយ សុធន
សទ្ធាជូនជំនូនកម្ម
សទ្ធាជាទ្រព្យល្អលើសអ្វីៗ
នាំជនប្រុសស្រីឱ្យប្រព្រឹត្តល្អ
បើមានតែទ្រព្យសទ្ធាទ័លក្រ
មាសប្រាក់ទាក់ក រកចាយពុំបាន ។
រដូវភ្ជុំបិណ្ឌតែងតែទៅវត្ត
ទោះជាក្រខ្សត់ក៏ឥតហ៊ានខាន
ទោះបាយមួយវែកសម្លមួយចាន ទៅវត្តខាតដ្បិតខ្លាចញាតិជេរ ។
ឧទ្ទិសឱ្យប្រេតប្រុងខ្លួនផងទៅ
កុំឱ្យធ្លាក់ផ្លូវទៅប្រេតដូចគេ
ស្លាប់ទៅជាប្រេតពុំអាចដឹងទេ
តែខ្លាចជាងគេគឺប្រេតទាំងរស់ ។
កម្មធ្វើចំណារចារជារជាជំនួន សម្រាប់ទុកជូនសត្វលោកទាំងអស់
សាងល្អបានល្អជួបសប្បុរស ពុតពាលឥតស្មោះជួបទុក្ខគ្រាំគ្រា ។
បើជួបបណ្ឌិតពិតបានស្តាប់ធម៌
ប្រុងស្តាប់ដោយល្អនាំកើតសទ្ធា
ជឿហេតុនៃផលបានដល់បញ្ញា ជីវិតថ្លៃថ្លាឥតអាប់រស្មី ។
ដោយឧបាសក គុយ សុធន


